ការចិញ្ចឹមចង្រិតលក់ និងប្រើជាចំណីសត្វ អ្នកខ្លះគាត់សើច
បើបានឮអ្នកណាម្នាក់និយាយថា ចង់ចិញ្ចឹមចង្រិតលក់ និងធ្វើជាមុខរបរ ។
ទោះបីអ្នកនោះគាត់សើចដោយហួសចិត្ដ ដោយចំអក ដោយនឹកស្មានមិនដល់ក៏ដោយ
តែមុខរបរនេះ វាកំពុងកាក់កប
និងពិតជាអាចឱ្យគេរកចំណូលបានច្រើនគួរសមដែរ
បើសិនជាគេចិញ្ចឹមវាបានដោយត្រឹមត្រូវ ។
ជាធម្មតា ចង្រិត ជាសត្វល្អិតម្យ៉ាងដែលរស់នៅតាមព្រៃ
តាមភូមិស្រុក ក្នុងដីចំការជាដើម ។ ដូចតួយ៉ាងនៅខេត្ដកំពង់ធំ
ឱ្យតែដល់ដើមរដូវវស្សម្ដងៗ ហ្វូងចង្រិតរាប់លានក្បាល
ហើរចេញមកព្រោងព្រាត
បង្កើតបានជាមុខរបរមួយដល់អ្នកដែលមានលទ្ធភាពធ្វើកន្លែង
ដើម្បីចាប់វាយកទៅលក់នៅម្ដុំគល់ស្ពានកំពង់ធំ និងនៅតាមទីកន្លែងនានា
។
តែរដូវវស្សាឆ្នាំកន្លងទៅនេះ
គេមិនសូវឃើញមានចង្រិតចុះច្រើនដូចឆ្នាំមុនៗឡើយ ព្រោះវាពាយអស់ទៅ
ដោយសារយើងបានចាប់វាដោយប្រើនុយភ្លើងងអំពូល
បណ្ដាលឱ្យវាថយចំនួនបន្ដពូជ ។
សព្វថ្ងៃនេះតម្រូវការចង្រិតមានច្រើនគួរសមដែរ
ព្រោះចង្រិតមានតែខែវស្សា ដែលសម្បូរណ៍ ឯខែប្រាំងវិញ មិនមានទេ
ជាហេតុធ្វើឱ្យអ្នកប្រកបរបរចិញ្ចឹមចង្រិតរកកម្រៃបានច្រើនគួរសម
ជាពិសេសអ្នកប្រករបរនេះនៅបន្ទាយមានជ័យ
និងអ្នកនៅជិតព្រំដែនកម្ពុជាថៃ ។
តាមការពិត មានតែចង្រិតចំនួនពីរប្រភេទប៉ុណ្ណោះ
ដែលគេនិយមចូលចិត្ដទិញមកបរិភោគ និងយកមកលក់នៅក្នុងទីផ្សារ
ទាំងក្នុងប្រទេស និងនាំចេញទៅប្រទេសថៃ គឺ ៖
១) ចង្រិតដូង
២) ចង្រិតក្រហម
ក្នុងចំណោមចង្រិតទាំងពីរប្រភេទខាងលើនេះ
មានតែប្រភេទចង្រិតដូងមួយប៉ុណ្ណោះ ដែលគេនិយមបរិភោគ
និងឱ្យតម្លៃច្រើនជាងចង្រិតដទៃ។ ចំណែកចង្រិតក្រហមវិញ
វាមានរូបរាងតូចជាង តែអ្នកបរិភោគខ្លះយល់ថាវាមានរសជាតិឆ្ងាញ់
និងងាយស្រួលបរិភោគជាង ។
ដើម្បីធ្វើមុខរបរនេះ
អ្នកចិញ្ចឹមត្រូវមានដើមទុនច្រើនគួរសម
ព្រោះត្រូវធ្វើរណ្ដៅធំៗពីស៊ីម៉ង់ដ៍ មួយវិញទៀតនោះ
គេត្រូវធ្វើរោងគ្របពីលើរណ្ដៅនោះ ដើម្បីការពារកំដៅ
និងត្រូវមានប្រាក់សម្រាប់ទិញគ្រឿងសម្ភារៈមួយចំនួនផងដែរ ។
ខាងក្រោមនេះ គឺជាការតម្រូវនិងវិធីនៃការចិញ្ចឹមចង្រិតតាមគ្រួសារ ៖
+ រណ្ដៅចិញ្ចឹមចង្រិត
រណ្ដៅត្រូវធ្វើទទឹង ៣ ម បណ្ដោយ ៥ម ជម្រៅ ៧០ ទៅ ១០០
សង្ទីម៉ែត្រ យើងអាចធ្វើចំនួនរណ្ដៅតិច ឬច្រើនអាស្រ័យទៅលើបំណង
និងធនធានដែលមាន ដើម្បីធ្វើជារបរបានយើងត្រូវធ្វើយ៉ាងហោចណាស់ចំនួន ១
រណ្ដៅដែរ ទើបសមល្មម (ទោះចំនួនរណ្ដៅតិចក៏មិនអីដែរ តែវាខាតពេល
និងអាចរកកម្រៃបានតិចជាង)
ត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងដ៍
បើមិនបានបូកស៊ីម៉ងដ៍ក៏មិនអីដែរ តែត្រូវភ្ជិត ឬបៀកឱ្យស្មើ
កុំឱ្យមានសល់ប្រហោង សូម្បីតូចមួយក៏ដោយ ក៏មិនត្រូវឱ្យមានដែរ ។
រោងសម្រាប់គ្របពីលើរណ្ដៅ
ត្រូវមានកំពស់ពីដីចំនួន៣ម៉ែត្រ ទៅ ៤ម៉ែត្រ
ដើម្បីឱ្យមានខ្យល់ចេញចូលល្អមួយទៀតនោះ គឺដើម្បីកាត់បន្ថយកំដៅ
កុំឱ្យក្ដៅខ្លាំងពេក នៅកងរដូវប្រាំង ។
- ត្រូវទៅទិញពូជចង្រិតនៅភូមិប្រជាធម្ម
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចំនួនមួយរយ
ទៅបីរយចាន ។
– ពងមួយចានតម្លៃ ១៣០០០រៀល ទៅ ១៥០០០រៀល (ជួនកាលអាចថោកជាងនេះ បើទិញច្រើន)
- ត្រូវទិញប្រអប់ក្រដាសដាក់ពងមាន់ខ្នាតធំ
ឱ្យបានច្រើនសម្រាប់ធ្វើជាកន្លែងឱ្យវារស់នៅ ជាពិសេស
គឺសម្រាប់កូនចង្រិត
– ដាក់អេប៉ុងថ្មីមួយផ្សើមដោយទឹក ឬចានសំប៉ែត (ថាស់ក៏បាន)
ដាក់ទឹកបន្ដិច រួច
ចាក់ទឹកផ្សើមក្រដាសនោះឱ្យជោកសម្រាប់ឱ្យវាបឺតយកសំណើម
ដែលវាត្រូវការ ។
តែបើយើងគ្មានលទ្ធភាព
អាចប្រើត្រឹមស្លឹកកណ្ដបស្លឹកត្នោតក៏បានដែរ
ដោយដាក់ស្លឹកនោះតម្រៀបវាបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់ក្រោម
(កុំប្រើស្បូវកណ្ដប) យើងអាចប្រើប្រអប់ឬកេះក្រដាស់
កាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នា ក៏អាចប្រើការបានដែរ
ក្រៅពីនេះយើងក៏អាចប្រើមែកឈើក៏បាន។
រយេៈពេលនៃការចិញ្ចឹម និងការទទួលផល ៖
បន្ទាប់ពីបានពងចង្រិតហើយ
យើងត្រូវដាក់ពងចង្រិតនោះនៅក្នុងថង់ប្លាស្ទិកធំ
ឬប្រអប់ក្រដាស់ធំមួយដែលបិទជិតរក្សាវាទុកក្នុងរណ្ដៅនោះចំនួន
៣០ថ្ងៃ នោះពងចង្រិតវានឹងញាស់។ កាលបើចង្រិតវាញាស់ហើយ
យើងត្រូវទិញចំណីកូនមាន់យកមកកិនឱ្យម៉ដ្ឋ
ដាក់ទឹកក្នុងដបស្ព្រេយ បាញ់ផ្សើមចំណីនោះគ្រាន់តែឱ្យសើមៗ
រួចដាក់លាតនៅលើចានសំប៉ែតមួយចំនួន ពង្រាយឱ្យបានច្រើនកន្លែង
ដើម្បីឱ្យកូនចង្រិតវាស៊ី។ ឱ្យវាស៊ីតែចំណីនេះ
ទាំងទើបញាស់រហូតដល់វាធំចាប់លក់ ឬទុកពូជក្ដី ។
បើយើងទុកវាឱ្យដល់រយៈពេលពីរខែ ចង្រិតនឹងមានពង
យើងប្រមូលយកពងនោះមកភ្ញាស់ខ្លះ អាចលក់ឱ្យគេបានខ្លះ
ដើម្បីយកកម្រៃ។ ទុកចង្រិតមួយចំនួនឱ្យវាពងជាលើកទីពីរ
សឹមលក់វាចេញ យើងទុកតែពងវាសម្រាប់ភ្ញាស់បានហើយ ។
បន្ទាប់ពីវាពងលើកទីពីរ
ហើយត្រូវចាប់លក់ចេញទាំងអស់ ភ្ញាស់សារជាថ្មីទៀត។
ចង្រិតពងតែពីរដងទេក្នុងមួយជីវិតរបស់វា។ ចង្រិតញីមានស្លាបលាត
ឯចង្រិតឈ្មោលមានស្លាបក្រញ៉ាញ់ ។
យើងអាចពង្រីកមុខរបរនេះ ទៅតាមលទ្ធភាពដែលមានបាន ជាបណ្ដើរៗ
យើងអាចបង្កើនចំនួនពងត្រូវភ្ញាស់ រហូតយើងអាចរកចំណូលបានគ្រប់គ្រាន់
។
+ អត្ថប្រយោជន៍នៃការចិញ្ចឹមចង្រិត ៖
- ងាយស្រួលចិញ្ចឹម
- ស៊ីចំណីតិចបំផុត
- អាចពង្រីកមុខរបរបាន
មិនសូវមានការប្រជែងក្នុងទីផ្សារ
- អាចលក់បានក្នុងមួយគីឡូ ៦០០០ ទៅ ៨០០០ រៀលក្នុងមួយគីឡូ
- មិនត្រូវការថែទាំច្រើន
- ត្រូវការទីកន្លែងមិនធំពេក
- អាចធ្វើបានគ្រប់គ្នា
- ការខាតបង់មានតិចតួចណាស់ បើសិនជាមាន
- អាចរកចំណូលបានច្រើន
- ប្រើពេលវេលាតិច ឆាប់បានទទួលផល
- យើងអាចយកវាធ្វើជាចំណីមាន់ទា ត្រី បើលក់មិនបាន៕
អត្ថបទដោយ អ៊ាង សុផល្លែត
Comments
Post a Comment